ព័ត៌មានជាតិ

Update៖ យានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង ឆ្លងចរន្តអគ្គិសនី ឆេះខូចសម្ភារៈអស់ទាំងស្រុង

ភ្នំពេញៈ ឆ្លងចរន្តអគ្គិសនី នៅក្នុងយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតកម្លាំងសមត្ថកិច្ច នៃការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ ។

ហេតុយការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៣០ នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែង រួមជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង គ្មានមនុស្សនៅនោះទេ រហូតប្រជាពលរដ្ឋ ដែលរស់នៅក្បែកន្លែងកើតហេតុ បានរាយការណ៍ទៅកម្លាំងនគរបាល នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីយករថយន្តមកអត្តរាគមន៍ ។

តាមសមត្ថកិច្ចឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាច្រើនគ្រឿង និងរថយន្តជំនួយផ្សេងៗទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ចៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ក្នុងទំហំនៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿងមកដល់កន្លែងកើតហេតុ នឹងធ្វើការបាញ់ពន្លត់ភ្លាមៗ រហូតអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។

ចំពោះការខូចខាតវិញ មានដូចជាគ្រឿងម៉ាស៊ីន ចំនួន១ទូកុងតឺន័រ ,គ្រឿងចក្រចំនួន២ និង រោងសម្រាប់ដាក់សម្ភារៈគ្រឿងម៉ាស៊ីនឆេះអស់ទាំងស្រុង ។

សូមបញ្ជាក់ថាៈ កម្លាំងសមត្ថកិច្ចប្រើពេលជិត១ម៉ោង ក្នុងប្រតិបត្តិការបាញ់ពន្លត់ ទើបអគ្គិភ័យរលត់ទៅវិញ ៕

មតិយោបល់