ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល បានទទួលពាក្យបណ្ដឹងស្ត្រីឈ្មោះ សាន្ត គឹមហេង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ បានប្ដឹងឈ្មោះ ណុប ភារម្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើថា បានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់គាត់ឈ្មោះ ស.គល អាយុ១១ឆ្នាំ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចតូបលក់អីវ៉ាន់ចាប់ហួយរបស់ជនសង្ស័យ ស្ថិតនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំមកអធិការដ្ឋាននគរបាលស្រុក ។
នៅចំពោះមុខសមត្ថកិច្ចបានឲ្យដឹងថា ខ្លួនបានអូសដៃកុមារីរងគ្រោះចូលទៅក្នុងតូបរបស់ខ្លួន ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច រួចឲ្យនាងត្រឡប់ទៅផ្ទះវិញ ហាម មិនឲ្យនិយាយប្រាប់គេឯង ប៉ុន្តែមកដល់ផ្ទះក្មេងស្រីរងគ្រោះ បាននិយាយរឿងនេះប្រាប់ម្តាយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់