ក្មេងប្រុសពីរនាក់បងប្អូន ជិះម៉ូតូ Scopy មួយគ្រឿងបុកទ្វាររថយន្ត បណ្តាលឲ្យដួលឡានកិនស្លាប់ម្នាក់

កំពង់ឆ្នាំង: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវក្រាលកៅស៊ូខេត្ត ត្រង់ចំណុចផ្លូវចុះទំនប់បារាំងជួរដើមស្រល់ ស្ថិតក្នុងភូមិ/សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រវាងម៉ូតូ នឹងរថយន្ត០២គ្រឿង បើកបរទិសស្របគ្នាពីលិចទៅកើត បណ្តាលឲ្យបណ្តាលឲ្យក្មេងប្រុសពីរនាក់បងប្អូន ស្លាប់និងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក កាម៉ារីគូទស្វិត ពណ៌ប្រផេះ ផ្លាកលេខ ភព2 ង.4077 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ឈប់ស្ងៀមអែបខាងស្តាំ ។ ខណ:ពេលនោះមានម៉ូតូមួយគ្រឿងម៉ាក Scopy ពណ៌សផ្លាកលេខ កំពង់ឆ្នាំង 1G.9111 បើកបរដោយឈ្មោះ អៀង ច័ន្ទសុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ ឌុបអ្នកជិះពីក្រោយម្នាក់ឈ្មោះ អៀង ច័ន្ទតារារ័ត្ន ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា អ្នកបើកបរនឹងអ្នកជិះទាំង០២ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បើកបរស្របទិសពីក្រោយរថយន្តកាម៉ារីកំពុងឈប់ស្ងៀមនោះ ។ លុះមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្ត បើកទ្វារមុខខាងឆ្វេង ម៉ូតូក៏បុកទ្វារថយន្តបណ្ដាលឲ្យម៉ូតូដួល ។ ពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក (OD.) ពណ៌ស ផ្លាកលេខ 2BE.9953 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរស្របទិសពីលិច ទៅកើតខាងក្រោយម៉ូតូ ប្រឹងកាច់ចង្កូតគេចមិនរួច ក៏កិនអ្នកជិះម៉ូតូ បណ្ដាលឲ្យរងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតតែម្ដង និងម្នាក់ទៀតរងរបួសស្រាល ។

ការខូចខាតនឹងគ្រោះថ្នាក់៖ បណ្តាលឲ្យស្លាប់អ្នកជិះពីក្រោយម៉ូតូម្នាក់ឈ្មោះ អៀង ច័ន្ទតារ័ត្ន ភេទប្រុស នឹងរបួសអ្នកបើកបរ ម៉ូតូម្នាក់ស្រាល ។ ចំពោះការខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ។ អ្នកបើកបររថយន្តទាំង០២នាក់ ក្រោយពេលកើតហេតុ រត់គេចខ្លួន រីឯមធ្យោបាយរថយន្តទាំង០២គ្រឿងនឹងម៉ូតូ ត្រូវបានវាស់វែង យកមករក្សាទុកនៅអធិការដ្ឋានកសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់