កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋករណីចោរលួចគោ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកបារាយណ៍ និងកម្លាំជំនាញរបស់អធិការនគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាបាន និងបានធ្វើការបង្រាបឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមមាន ៖
១-ឈ្មោះ ហ៊ឹម លីម ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២-ឈ្មោះ ឌី សូវុន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
វត្ថុតាងដកហូតរួមមាន ៖
១-សត្វគោឈ្មោល ចំនួន០២ក្បាល សម្បុរស (ជាសត្វគោដែលបានលួចពីជនរងគ្រោះនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម)
២-អាវុធវែងចំនួន ០១ដើម ម៉ាកAK ស្វាយបត់ បង់ចំនួន០១ និងគ្រាប់ចំនួន១៥គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយឡែកបក្សពួកចំនួន ៣នាក់ទៀត សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន។
គួររំលឹកថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង១៦និង០០នាទី ទៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីចោរកម្ម (លួចគោ) ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹងវត្ថុតាងមួយចំនួន៕
មតិយោបល់