កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ១០នាទីមានករណីគំរាមកំហែងថានឹងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាបណ្ដាលឲ្យខូចខាតម៉ូតូចំនួន ០១គ្រឿង ម៉ាកបេស ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្ដាល 1E.6930 និងធ្វើឱ្យជនរងគ្រោះមានការភិតភ័យ នៅចំណុច ផ្ទះរបស់ឈ្មោះ ស៊ន ណា ស្ថិតក្នុងភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស៊ន ណា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត) ។
ជនសង្ស័យ អវិជ្ជមាន (-) មេរោគកូវីត-១៩(ឃាត់ខ្លួន)ឈ្មោះ គ្រី ថូ ហៅ រាជ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើត) (មានផ្ទុកនូវសារធាតុញៀន) ។
វត្ថុតាងចាប់យក៖កាំបិតផ្គាក់ ចំនួន ០១ ផ្លែដែក ដងឬស្សី។
កន្លងមកជនសង្ស័យជាកូន នៅពេលដែលប្រើប្រាស់គ្រឿងញៀន ឬក៏ផឹកស្រាស្រវឹងរួច តែងតែរករឿង ឡូឡា ជេរប្រមាថ ទៅកាន់ជនរងគ្រោះជាម្ដាយ និងសមាជិកក្នុងគ្រួសារជាញឹកញាប់ ។
លុះនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានត្រលប់មកដល់ផ្ទះវិញក្នុងស្ថានភាពស្រវឹង ពេលនោះជនរងគ្រោះជាម្ដាយក៏បានស្ដីប្រដៅអប់រំណែនាំទៅកាន់ជនសង្ស័យ ខណៈនោះជនសង្ស័យបានខឹង ក៏បានយកកាំបិតផ្គាក់ មកស្រែកសម្លុតគំរាមចង់អារកសម្លាប់ម្តាយ និងគំរាមចង់កាប់សម្លាប់សមាជិកក្នុងគ្រួសារផ្សេងទៀតដែលកំពុងនៅក្នុងហេតុការណ៍នោះដែរ ។
បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ម៉ូតូថែមទៀតផង បណ្ដាលអោយខ្ទិចខ្ទីសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន និងខូចខាតម៉ូតូអស់មួយចំនួន ។ ខណៈនោះជនរងគ្រោះ នឹងសមាជិកគ្រួសារដទៃទៀតបានរត់គេចពីកន្លែងកើតហេតុ ហើយបានមករាយការណ៍មកសមត្តកិច្ចប៉ុស្តិ៍នគរបាលព្រែកអំបិលអោយជួយអន្តរាគមន៍ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់