កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ស្រុកស្អាង ចុះពិនិត្យវាស់វែងកន្លែងកើតហេតុ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី នៅលើផ្លូវលេខ២១ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចំរើន សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាទ្រីមC125 ស៊េរីឆ្នាំ2021 ពណ៌ខ្មៅ ពាក់ផ្លាកកណ្តាល1AM-8400។
ប្រភពដដែលបន្តថានៅថ្ងៃកើតហេតុ ជនរងគ្រោះបានបើកម៉ូតូរបស់ខ្លួនតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខណៈដល់រង្វង់មូលព្រែកតូច ត្រង់ចំណុចផ្លូវកោង បត់មិនទាន់បានបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹងបណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតគួរឲ្យរន្ធត់។
ក្រោយពីបានទទួលព័ត៌មាន ភ្លាមនោះសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវកោង ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕
មតិយោបល់