ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូរ៉ឺម៉កចំនួន០៣គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង១២ និង៣៨ នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ខណ:កំពុងបើកបរបានប៉ះទង្គិចគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើល កើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមការធ្វើបទសម្ភាសន៍ របស់ភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំជា មួយនឹងភាគីខាងម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក គាត់បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងនៅកន្លែងកើតហេតុថា នៅមុនពេលកើតហេតុគាត់បាន ជិះម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើដំណើរតាមដងផ្លូវកើតហេតុនេះសុខៗ ស្រាប់តែរថយន្តមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-2117 បានបើកវ៉ាជែងមកប៉ះរ៉ឺម៉កម៉ូតូរបស់គាត់ បណ្តាលឲ្យរងខូចខាត ។ សព្វថ្ងៃគាត់មានមុខរបរជាអ្នករើស និងទិញអេតចាយ ដែលមានជីវភាពមិនសូវជាធូរធារនោះទេ ហើយគាត់មកជួបហេតុការណ៍អាក្រក់បែបនេះ ពិតជាធ្វើឲ្យខាតបង់ នូវប្រាក់កាសថែមទៀត ។

ចំណែកភាគីខាងរថយន្តកូរេមួយគ្រឿងទៀត បាននិយាយថា គាត់បើករថយន្តនៅខាងក្រោយរ៉ឺម៉កម៉ូតូ បានឃើញរ៉ឺម៉កនោះ បើកវ៉ាជែង មកប៉ះរថយន្តម៉ាស្តារខាងលើនោះ បណ្តាលឲ្យកន្ទុយរ៉ឺម៉កមកប៉ះទ្វាររថយន្តរបស់គាត់ បណ្តាលឲ្យរងការខូចខាតផងដែរ ។ រីឯភាគី ខាងម្ចាស់រថយន្តម៉ាស្តារនោះវិញ មិនបានបកស្រាយបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែង ដើម្បីធ្វើការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺរងការ ខូចខាតផ្នែកយានជិះរៀងៗខ្លួនតែប៉ុណ្ណោះ ៕

មតិយោបល់