បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះគ្រាប់បែក ដែលជនមិនស្គាល់អត្តសញ្ញាណ បានបង្កៃគ្រាប់បែកជាប់នឹងទ្រូដាក់ត្រីរបស់ជនរងគ្រោះ ដែលកំពុងដាក់ត្រីក្នុងស្រែ។ ករណីនេះ បានកើតឡើងនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិរំដេង បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល ៩:៤០នាទីព្រឹក រូបគាត់បានទៅស្ទូង(ជួស)ស្រូវនៅវាលស្រែខាងលិចភូមិប្រហែល ៣០០ម៉ែត្រ ដែលមានព្រំប្រទល់ជាប់នឹងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។
ពេលគាត់ទៅដល់ស្រែ បានឃើញមានធុងពណ៌សនៅលើភ្លឺស្រែដែលមានចម្ងាយប្រហែល ៨០ម៉ែត្រ ប៉ុន្តែមិនឃើញមានមនុស្សទេ ពេលនោះគាត់ក៏បានដើរទៅមើល ក៏ឃើញមនុស្សដេកស្លាប់ក្បែរធុងពណ៌សនោះ គាត់ក៏បានទៅប្រាប់គ្នីគ្នារបស់គាត់ និងបានរាយការណ៍សមត្ថកិច្ច។
នៅពេលសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យទើបដឹងថា ជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ភេទប្រុសអាយុ៧៨ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប(ស្លាប់ដោយកាផ្ទុះគ្រាប់បែក) ដោយជនមិនស្គាល់មុខលួចបង្កៃគ្រាប់បែក ដាក់ជាប់នឹងទ្រូរបស់ជនរងគ្រោះ។
យោងតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺ ឈ្មោះ ឆាវ រ៉ិត ភេទប្រុស អាយុ៣៧ឆ្នាំ ថា ពុករបស់គាត់ដាក់ទ្រូនៅផ្លូវរទេះចាស់រយៈពេលជិត ១០ឆ្នាំ មកហើយ។ ឆ្នាំនេះគាត់ទៅដាក់ទ្រូកន្លែងចាស់នោះប្រហែល ៦-៧ថ្ងៃមកហើយ ព្រោះទើបមានទឹក ហើយរៀងរាល់ព្រឹកម៉ោង ៦:៣០ គាត់តែងតែទៅមើលទ្រូរបស់គាត់ លុះដល់ម៉ោងប្រហែល ៨:០០ ជនរងគ្រោះគាត់ត្រឡប់ទៅផ្ទះវិញ។
ប៉ុន្តែព្រឹកថ្ងៃកើតហេតុ កូនដាំបាយឆ្អិនចាំពុកគាត់ដល់ម៉ោង៩:៣០នាទី នៅតែមិនឃើញដល់ផ្ទះ ទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថា ពុកគាត់បានស្លាប់នៅកន្លែងដាក់ទ្រូបាត់ទៅហើយ។
ក្នុងរបាយការណ៍ បានបន្តថា នៅវេលាម៉ោងប្រហែល ៧៖២០នាទី ប្រជាពលរដ្ឋ នៅភូមិក្បែរកន្លែងកើតហេតុ បានឮសំឡេងផ្ទុះដែរ ប៉ុន្តែស្មានថាផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះមេឃកំពុងតែភ្លៀង៕
ប្រភព៖ CNC
មតិយោបល់