ព័ត៌មានជាតិ

បើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលហួសចិញ្ចើមផ្លូវ ដួលបណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូហួសចិញ្ចើមផ្លូវ នៅចំណុចផ្លូវដីច្រមុះជ្រូកផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ បណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់និង០១នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1P-6311 ជិះគ្នាបីនាក់បើកបរពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើបានជិះហួសធ្លាក់ចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់០២នាក់និងរងរបួសធ្ងន់០១នាក់ខូចខាតម៉ូតូមួយគ្រឿង។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ១-ឈ្មោះ មី ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរម៉ូតូ(ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ២-ឈ្មោះ ដែក ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ៣-ឈ្មោះ ដួង ស៊ៀត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំងបីខាងលើ មានមុខរបរជាកសិករបានមកធ្វើការងារជាកម្មកររីសតនៅរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលបានមកស្នាក់នៅភូមិបំណក់ ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះអ្នករងរបួសធ្ងន់សមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ៖ បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង បណ្ដាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។ ចំពោះសពជនរងគ្រោះទាំងពីរសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់