ព័ត៌មានជាតិ

ភាពចម្រូងចម្រាសផ្ទុះឡើង ក្រោយឆ្មាំព្រំដែនអាមេរិកជិះសេះដេញចាប់ជនអន្តោប្រវេសន៍ហៃទី

(វ៉ាស៊ីនតោន)៖ សេតវិមានបានរិះគន់លើឆ្មាំការពារព្រំដែនអាមេរិកដែលបានប្រើប្រាស់សត្វសេះ ដើម្បីគំរាមកំហែងជនអន្តោប្រវេសន៍ហៃទី បន្ទាប់ពីមានការបង្ហោះនូវរូបភាព ឆ្មាំព្រំដែនម្នាក់ដែលជិះសេះដេញចាប់ជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែននៃរដ្ឋតិចសាស់។

ជនអន្តោប្រវេសន៍ភាគច្រើនជាជនជាតិហៃទីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើដំណើរឆ្លងកាត់ទីក្រុង Ciudad Acuna នៃប្រទេសម៉ិកស៊ីកូ និងទីក្រុង Del Rio នៃរដ្ឋតិចសាស់ ដើម្បីរកទិញម្ហូប និងទឹក ខណៈពួកគេពិបាកក្នុងការរកទិញនៅលើទឹកដីអាមេរិក។ ដើម្បីរារាំងកុំឱ្យជនអន្តោប្រវេសន៍ទាំងនេះឆ្លងដែនចូលមកក្នុង ទឹកដីអាមេរិក ឆ្មាំការពារអាមេរិកមួយចំនួនបានជិះសេះដេញតាមចាប់ និងបណ្ដេញពួកគេចេញពីទឹកដីអាមេរិក ហើយរូបភាពនៃសកម្មភាពនេះត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម។

ឆ្លើយតបទៅនឹងបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានលើកឡើងថាសកម្មភាពជិះសេះគំរាមជនអន្តោប្រវេសន៍គឺជារឿងមិនអាចទទួលយកបាន។
ក្រុមអ្នកលេងបណ្ដេញទំនាក់ទំនងសង្គមខ្លះបានប្រដូចរូបភាពឆ្មាំការពារព្រំដែនអាមេរិកជិះសេះ ទៅនឹងប្រវត្តិសាស្ត្រនៃការធ្វើទុក្ខបុកម្នេញលើជនជាតិស្បែកខ្មៅ នៅលើទឹកដីអាមេរិក កាលពីអតីតកាល ហើយប្រធានឆ្មាំការពារព្រំដែនអាមេរិក លោក Raul Ortiz បានឱ្យដឹងការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីដឹងឱ្យប្រាកដថា តើថាការជិះសេះគំរាមកំហែងជនអន្តោប្រវេសន៍ដោយក្រុមមន្ត្រីអនុវត្តច្បាប់គឺជារឿងមិនត្រឹមត្រូវ ឬក៏យ៉ាងណា៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់