ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យម្ចាស់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ ស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងនៅផ្ទះជាន់ទី២ ក្នុងភូមិ៤ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ មានពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនោះ និយាយថា ផ្ទះកើតហេតុ ខាងលើ មានមនុស្សស្នាក់នៅ ចំនួន០២នាក់ ឪពុកនិងកូនស្រីម្នាក់ ដែលមានសតិមិនប្រក្រតី ពួកគាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង នៅក្នុងផ្ទះ កើតហេតុ ហើយបង្កជាអណ្ដាតភ្លើង ឆេះរាលដាលពេញក្នុងផ្ទះ ហើយផ្ទះត្រូវបានចាក់សោ ពីខាងក្រៅជាប់ ធ្វើឲ្យបុរសវ័យចំណាស់ ម្នាក់ ដែលត្រូវជាម្ចាស់ផ្ទះនោះ ចេញមកមិនរួច ទើបបណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង ។ ចំណែកឯកូនស្រី របស់គាត់នោះវិញ គឺមិននៅ កន្លែងកើតហេតុនោះទេ ។

ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចជំនាញ នៃការិយាល័យ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសន្និដ្ឋានថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់