បង្គួយហោះ ឬបង្គួយស្លាប (Gliding/Flying Lizard) ជាឧរង្គសត្វ ដែលមានស្បែកពិសេសនៅឆ្នឹងជំនីអាចត្រដាង ឬត្រដាង ដើម្បីទប់សម្រាលខ្លួន នៅពេលវាហក់ពីទីតាំង (ដើមឈើ) មួយទៅទីតាំង មួយ ទៀត។ ជាទូទៅ បង្គួយហោះញី ឬឈ្មោលអាច បែង ចែក បាន នៅពេលពេញវ័យ តាមរយៈកាអង្កេតបួរក (ឈ្មោលមាន បួរ ក វែង ជាងញី) ពណ៌ខ្លួន (ឈ្មោលមានពណ៌ច្បាស់ជាងញី) និងប្រវែងខ្លួន (ភាគច្រើនឈ្មោលមាន ប្រ វែងខ្លួន វែងជាងញី)។ បង្គួយហោះស៊ីសត្វល្អិត ជា អាហារ ជាពិសេសស្រមោច ខ្មៅ ចង្រិត និងកណ្តៀរជាអាហារ។ល។ យោងតាមរបាយការណ៍ជាតិស្តីពីស្ថានភាពជីវៈចម្រុះនៅកម្ពុជា ឆ្នាំ២០១៦ ឧរង្គសត្វនៅកម្ពុជាមាន ១៧៣ប្រភេទ ហើយបច្ចុប្បន្នចំនួននេះបានកើនឡើងដល់ ១៨០ប្រភេទ។ ក្នុងចំណោមឧរង្គសត្វទាំង ១៨០ប្រភេទនេះ ក៏មានបង្គួយហោះចំនួន៣ប្រភេទផងដែរគឺ (១)Draco indochinensis Smith, 1928, (២)Draco maculatus Grey, 1845 និង (៣)Draco taeniopterus Günther, 1861។
១. Draco indochinensis Smith, 1928 គឺជាប្រភេទបង្គួយហោះដែល ល មាន ទីជម្រក ជាព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បង្គួយនេះមានខ្នងពណ៌ត្នោតប្រផេះ និងមានស្នាមអុជៗ ស្បែកគល់កមានពណ៌ខ្មៅ ហើយវាអាចហក់ទំលាក់ខ្លួនពីទីតាំង ខ្ពស់ទៅទីតាំង ទា បៗ ដូចប្រភេទតុកកែហោះដែរ។ បង្គួយនេះមានវត្តមានតែនៅប្រទេសកម្ពុជា និងប្រទេសវៀតណាមប៉ុណ្ណោះ។ នៅកម្ពុជា បង្គួយនេះ ត្រូវបានកត់ត្រាដំបូងនៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ក្នុងឆ្នាំ១៩២៨ និងកត់ត្រាឡើងវិញនៅឧទ្យានជាតិវ៉ើនសៃ និងដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំ២០០៣។
២. Draco maculatus Grey, 1845 គឺជាប្រភេទបង្គូយហោះដែល រស់នៅ តាម តំបន់ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះ។ វាមានខ្នងពណ៌ប្រផេះ មានស្បែកកនិងចុងស្លាបពណ៌លឿង។ បច្ចុប្បន្ន បង្គួយនេះនៅពុំទាន់បានសិក្សាច្បាស់លាស់នៅឡើយ។ អ្នកស្រាវជ្រាវជឿជាក់ថាអាចមានប្រភេទថ្មីមួយចំនួនក្រោមឈ្មោះ Draco maculatus នេះ ដែលអ្នកវិទ្យាសាស្រ្តកំពុងសិក្សាពីធនធានពន្ធុ ដើម្បីបញ្ជាក់អត្តសញ្ញាណពិតប្រាកដ។ របាយបង្គួយ នេះ ត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ នៅប្រទេសកម្ពុជា បង្គួយ នេះត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញភាគខាងលិច និងតាមកោះមួយចំនួន ដូចជាកោះកាពិ ក្នុងខេត្ត កោះ កុង នាឆ្នាំ២០០៧។
៣. Draco taeniopterus Günther, 1861 គឺជាប្រភេទបង្គួយហោះមួយ ទៀត ដែល រស់ នៅ តាម តំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ជាទូទៅវាមានខ្នងពណ៌បៃតងត្នោត មានស្បែកកនិងចុងស្លាបពណ៌ឈាមជ្រូក។ របាយនៃ ប្រភេទ បង្គួយ នេះ ត្រូវបានរកឃើញនៅភាគខាងត្បូងប្រទេសភូមា ក្នុង ប្រទេស ថៃ កម្ពុជា ភាគខាងត្បូងប្រទេស វៀតណាម និងឧបទ្វីបម៉ាឡេស៊ី។ នៅប្រទេសកម្ពុជា បង្គួយ នេះត្រូវបានរកឃើញតែនៅតំបន់ជួរភ្នំក្រវាញប៉ុណ្ណោះក្នុងឆ្នាំ២០០៧។
អត្ថបទនិងរូបភាពដោយ៖ លោក សាមន វីរៈ មជ្ឈមណ្ឌល អភិរក្សជីវៈចម្រុះនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ
មតិយោបល់