ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីសក័ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៣និង៥៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ចំណុចភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក និងអត្តសញ្ញាណ (បើកគេចបាត់) បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះបើកបរ មកដល់ចំណុចខាងលើ បានបុកម៉ូតូ០១គ្រឿងម៉ាក QBIG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0720 បើកបរដោយឈ្មោះ ចាន់ ណាវី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិទួលគក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុរួច សមត្ថកិច្ចបានប្រគល់សពឲ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ។

វត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបន្តស្រាវជ្រាវ ចាត់ការតាមនីតិវិធី ៕

មតិយោបល់