ព័ត៌មានជាតិ

ការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​គ្រឿង​បាន​កើតឡើង​ បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​បាញ់កាំភ្លើង​ជា​បន្តបន្ទាប់​លើ​ទីក្រុង​កា​ប៊ុល​​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​មន្ត្រី​សន្តិសុខ​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​គ្រឿង​បាន​កើតឡើង​ បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​បាញ់កាំភ្លើង​ជា​បន្តបន្ទាប់​លើ​ទីក្រុង​កា​ប៊ុល​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្បែរ​ “​តំបន់​បៃតង​”​ ដែល​ជា​កន្លែង​ការពារ​យ៉ាង​រឹង​មាំ​ ដោយ​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​បី​នាក់​បាន​ស្លាប់​ និង​ក្រុម​អ្នក​វាយប្រហារ​បី​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ផង​ដែរ​ ចំ​ពេល​មានការ​កើនឡើង​នៃ​អំពើ​ហិង្សា​ដោយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ Ghulam​ Dastagir​ Nazari​ បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ០៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​ ប្រតិបត្តិការ​របស់​កងកម្លាំង​សន្តិសុខ​បាន​បញ្ចប់​ដោយ​ការ​ស្លាប់​របស់​ក្រុម​អ្នក​វាយប្រហារ​ទាំងអស់​។​

​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​នេះ​កើតឡើង​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​គ្រឿង​ ដោយ​សំដៅ​ទៅ​កាន់​គេហដ្ឋាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​ និង​ផ្ទះ​របស់​សមាជិក​សភា​ដែល​នៅ​ជាប់​គ្នា​។​

​ការ​វាយប្រហារ​នេះ​នៅ​ចំ​កណ្តាល​តំបន់​ដែល​មាន​សុវត្ថិភាព​បំផុត​មួយ​របស់​ទីក្រុង​កា​ប៊ុល​ ដែល​បាន​កើតឡើង​កំឡុង​ពេល​ដែល​មាន​កើនឡើង​អំពើ​ហិង្សា​ដោយ​ក្រុម​តា​លី​បង់​។​ ហើយ​ការ​វាយប្រហារ​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ប្រធានាធិបតី​លោក​ Joe​ Biden​ បាន​ប្រកាស​ថា​ នឹង​ដក​កងទ័ព​សហរដ្ឋអាមេរិក​ចេញ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខែកញ្ញា​ខាង​មុខ​នេះ​ ទោះបី​ក្រុម​តា​លី​បង់​បាន​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​ទៅ​លើ​ទីក្រុង​សំខាន់ៗ​ក៏​ដោយ​។​

​កាលពី​ថ្ងៃ​អង្គា​រ៍​ ខ្មាន់កាំភ្លើង​ដែល​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ចំនួន​បី​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ឯ​កន្លែង​វាយប្រហារ​ ដែល​ជា​គេហដ្ឋាន​របស់​ក្រុម​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ សមាជិក​សភា​ និង​គេហដ្ឋាន​មេដឹកនាំ​ជាន់ខ្ពស់​ផ្សេង​ទៀត​។​

​មិន​មាន​ក្រុម​ណាមួយ​អះអាង​ចំពោះ​ការ​ទទួលខុសត្រូវ​ភ្លាមៗ​នោះ​ទេ​។​

​ប៉ុន្មាន​នាទី​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​ ជន​ស៊ី​វិល​រាប់រយ​នាក់​បាន​ចេញ​មក​តាម​ដងផ្លូវ​នៅ​ទីក្រុង​កា​ប៊ុល​ ហើយ​បាន​ស្រែ​កថា​ Allahu​ Akbar​ (​ព្រះ​ជា​ម្ចាស់​ដ៏​អស្ចារ្យ​បំផុត​)​ ដើម្បី​សម្តែង​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប្រឆាំង​ក្រុម​តា​លី​បង់​ ៕

មតិយោបល់