ព័ត៌មានជាតិ

ប្លន់ទៀតហើយ នៅខណ្ឌសែនសុខ!..

ភ្នំពេញៈ ក្នុងរយៈពេលថ្មីៗមកនេះ ករណីប្លន់ប្រដាប់អាវុធដូចជាកក្រើកពេញរាជធានីភ្នំពេញវិញហើយ ខណៈដែលសមត្ថកិច្ចគ្មានវិធិការទប់ស្កាត់នូវបទល្មើសទាំងនេះ ហើយបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ស្ទើរតែមិនហ៊ានធ្វើដំណើរចេញទៅណាមកណាឡើយ។

ជាក់ស្តែងនៅវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីប្លន់ប្រដាប់អាវុធយកម៉ូតូពីនារីរងគ្រោះម្នាក់បានសម្រច ហើយគេចខ្លួនដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រហ្ម ចាន់វណ្ណៈ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ហើយម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះ ម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៦ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1FY-8466 ចំណែកឯជនសង្ស័យមានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែង ហើយបានធ្វើការសាកសួរ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលកំណត់មុខសញ្ញាជនសង្ស័យ។

គួររំលឹកផងដែរថា មួយរយៈនេះករណីប្លន់ប្រដាប់អាវុធកើតមានច្រើនណាស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនឃើញមានសមត្ថកិច្ចណាបង្ក្រាបបាននោះឡើយ៕

ប្លន់ប្លន់ប្លន់ប្លន់

មតិយោបល់