បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង១៥នាទី ត្រង់ចំណុចក្រុមទី១៧ ភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3W-3790 ស៊េរីឆ្នាំ២០០៥ បើកបរដោយឈ្មោះ សឿន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិតាគ្រៃ ឃុំតាគ្រៃ ស្រុកកំរៀង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ពុំ យ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោងបានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1111 ស៊េរីឆ្នាំ២០០៤ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន)។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលអោយអ្នកបើកបររថយន្តម៉ាក Toyota Prius និងអ្នករួមដំណើរបានស្លាប់ នៅកន្លែងកើតហេតុ។ ករណីនេះ កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង ឃើញថាអ្នកបើកបររថយន្តតូយ៉ូតាព្រូស បើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ។
បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតមធ្យោបាយបង្កទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការតាមនីតិវិធី៕
មតិយោបល់