ព័ត៌មានជាតិ

ជាងផ្សារដំបូលធ្លាក់កម្ទេចលើកញ្ច្រែងជ័រ នៅក្នុងរោងចក្រដំណាប់ស្វាយមូតា បណ្តាលឲ្យឆេះអគារមួយខ្នង

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០៥នាទី មានករណីអគ្គិភ័យ មួយបានកើតឡើង នៅក្នុងរោងចក្រដំណាប់ស្វាយមូតា ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យឆេះអគារ១ខ្នងទំហំ១៩គុណ៦០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី ប្រហែល៦០ភាគរយ និងឆេះកញ្ច្រែងជ័រ ដាក់ស្វាយជាង២០០០ កញ្ច្រែង មន្ត្រីដដែលបន្តថា មូលហេតុ បណ្ដាលមកពីជាងផ្សារដំបូលធ្លាក់កម្ទេចធូបលើកញ្ច្រែងជ័រដាក់ស្វាយ ។

កម្លាំងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងកម្លាំងសាលាមិត្តភាពកម្ពុជា-វៀតណាម បានចេញប្រតិបត្តិការ ជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើទឹកអស់៥ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕

មតិយោបល់