កណ្តាលៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ទំនិញចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូត ក្នុងភូមសាស្រ្ត ខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង ។
ដើម្បីបន្តការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ប្រចាំនៅខេត្តទាំងបី នៅថ្ងៃទី២២-២៣-២៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ក្រុងពោធិ៍សាត់ និងស្រុកស្វាយជ្រុំ ដោយក្នុងនោះមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ចម្រុះចំនួន ១៣២គីឡូក្រាម និងភេសជ្ជៈចំនួន ៨៧៩កេស យកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល តាមនីតិវិធី នៅពេលក្រោយ ចំណែកអាជីវករដែលតាំងលក់ទំនិញ មិនអនុលោមទាំងនោះ ត្រូវបានទទួលរងចំណាត់ការតាមនីតិវិធីផងដែរ ៕
មតិយោបល់