ព័ត៌មានជាតិ

ក្មេងទំនើងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពដេញកាប់គ្នា

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងទំនើងម្នាក់ ក្នុងចំណោមក្មេងទំនើងពីរក្រុម ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពដេញកាប់គ្នា បង្កចលាចល ខូចសណ្តាប់ធ្នាប់ សង្គម ហេតុការណ៍នេះកើតឡើងនៅ ចំណុចក្បែរបន្ទាយទាហាន ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២១និង២១នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តជាប្រចាំ នូវប្រសាសន៍និងការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៊ី សុខុម អធិការរង បានចេញល្បាត លើភូមិសាស្រ្តក្នុងក្រុង លុះមកដល់ចំណុចខាងលើ បានប្រទះឃើញ ក្មេងទំនើងពីរក្រុមប្រដាប់ដោយកាំបិត និងដំបង ដេញកាប់គ្នា បង្កអសន្តិសុខក្នុងមូលដ្ឋាន កម្លាំងអន្តរាគមន៍ក្រុងបានបង្ក្រាបឃាត់បានក្មេងទំនើងចំនួន០១នាក់ ឈ្មោះឈីម សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកបក្ខពួកបានរត់គេចខ្លួន។

លោកវរសេនីយ៍ទោ សុខ មេសា បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា Dream ចំនួន០១គ្រឿង កាំបិតផ្គាក់ចំនួន ០១ដើម បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕

មតិយោបល់