ព័ត៌មានជាតិ

រថយន្តបុកមនុស្សជិះកង់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកបាកាន

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣ និង៤៥នាទីរសៀល មាន ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកមនុស្សជិះកង់នៅលើផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ២០៤-២០៥ ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកស៊ីណាពណ៌ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-7099 ទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះ ចាន់ សុខថៃ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្ស ជិះកង់ឆ្លងផ្លូវពីជើងទៅត្បូង ដែលជនរងគ្រោះ ឈ្មោះ ថន វ៉ិត ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន បណ្ដាលឲ្យរងរបួសបែកក្បាលបាក់ឆ្អឹងដងកាំបិតខាងស្ដាំ និងបាក់ជើងឆ្វេង។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បានបើករថយន្តបកក្រោយវិញ ដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពេលកើតហេតុកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងខ្នារ រដ្ឋបាលអូរតាប៉ោងនិងរដ្ឋបាលស្វាយដូនកែវ បានដេញតាមរថយន្តពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដែលបានបើករត់គេចចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចព្រំប្រទល់ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ទើបសមត្ថកិច្ចយើងបានតាមទាន់នៅទីនោះ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានបញ្ជូនអ្នកបើកបររួមទាំងរថយន្ត និងកង់មកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់