ព័ត៌មានជាតិ

ផឹកប៉ះចំស្រាកាច ប្រើដែកទីបវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងក្នុងអង្គភាព អនុវត្តឃាត់ខ្លួនជនសង័្សយឈ្មោះ ហ៊ុ រិទ្ធី ហៅរិត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្រុមទី០៥ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទវាយបំផ្លា ញទ្រព្យសម្បត្តិអ្នកដទៃ ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវ ។

លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ឱ្យដឹងពីមូលហេតុ ដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង២០និង៣០នាទី ក្នុងខណ:ដែលជនងគ្រោះឈ្មោះ ផាន សុភ័ក្រ្ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបងមិននៅផ្ទះ ជនសង័្យខាងលើបានប្រើប្រាស់ដែក ទីបជ្រុងចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋាននោះបណ្តាលឱ្យខូចខាតរួមមាន៖

-ទូរទស្សន៍ចំនួន០១គ្រឿង
-កង្ហារចំនួន០១គ្រឿង
-បង់អង្គុយចំនួន០១
-ជញ្ជាំងផ្ទះ (ក្តារ) ចំនួន០៥សន្លឹក ។

នៅក្រោយកើតហេតុមួយថ្ងៃ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ: ភស្តុតាងស៊ីសង្វាក់នេះ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកអធិការបានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាព ពីសកម្មភាពរបស់ខ្លួន ហើយមូលហេតុដែលនាំទៅដល់ការវាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ បែបនេះគឺបណ្តាលមកពីខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ។

ទោះជាបែបនេះក្តីនៅពេលនេះសមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់