ភ្នំពេញៈ នៅវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង និងដើមត្នោត បណ្ដាលឲ្យធ្លាក់ទូកុងតឺន័រសង្កត់លើ ស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតត្រង់ចំណុចភូមិចុងថ្នល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ គិត ចំរើន អាយុ៥០ឆ្នាំ មានប្រពន្ធនិងកូនចំនួន០២នាក់ មុខរបរអ្នកបើករថយន្ត មានទីលំនៅស្រុកអង្គរបូរី ខេត្តតាកែវ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-3694 មានសណ្តោង រ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-0484 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវថៃហ្គ័រ ទិសដៅពីត្បូងទៅជើង ចេញពីចំណុចស្ពាន ព្រែកសំរោង ឆ្ពោះទៅផ្លូវជាតិលេខ១ ខណៈបើកបរក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុស្រាប់តែ រថយន្តនោះបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើង ហើយរថយន្តក៏រេចង្កូតមកខាងស្ដាំ ដៃវិញ ។ ពេលនោះតៃកុងបាន លោតចុះ ស្រាប់តែទូកុងតឺន័រទាំងពីរកំណាត់ បានធ្លាក់មកកិនសង្កត់ ពីលើបណ្ដាលឲ្យស្លាប់ ។ រីឯរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តទៅមុខចូលក្នុងដីឡូតិ៍មួយកន្លែងទៀត ដែលនៅក្បែរមុខផ្ទះ ប្រជាពលរដ្ឋបុកដើមត្នោត កល់ជាប់ទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះមកពិនិត្យមើលនិងធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សា ទុកនៅចរាចរណ៍រាជធានីភ្នំពេញ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់