ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួច ( ទ្រព្យសម្បត្តិ) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តពោធិ៍ញាណ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ០៥នាក់៖ ទី១-ឈ្មោះ យ៉ាត ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដើមគរ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ផាន ផារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ទី៣-ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ទី៤-ឈ្មោះ អ៊ុំ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ និងទី៥-ឈ្មោះ អូន ម៉ាលីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ដែកជ្រុងចុងសំប៉ែតស្រួចចំនួន០១, កន្ត្រៃកាត់ក្រណាត់ចំនួន០១, សោខ្សៀលេខ៨ចំនួន០២, សោខ្សៀលេខ១០ចំនួន០១, ដង្កាប់ចំនួន០២, ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាក ហូវេ ចំនួន០២គ្រឿង, ម៉ាកវីវ៉ូ ចំនួន០១គ្រឿង, ម៉ាកសាំសុងចំនួន០១គ្រឿង) ,ម៉ូតូរ៉ឺម៉កកង់បី ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ (ម៉ូតូរ៉ឺម៉កចាស់) ចំនួន០១គ្រឿង ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ តាមផ្លូវ៣៧១ ដល់ចំណុចខ្លោងទ្វារពោធិ៍ញាណ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៥នាក់ កំពុងបើកម៉ូតូរ៉ឺម៉ក ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ (ម៉ូតូរ៉ឺម៉កចាស់) ឌុបគ្នាលើផ្លូវ ៣៧១ ពីលិចទៅកើត ។ ពេលនោះសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឱ្យឈប់ ត្រួតពិនិត្យ ឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើស រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ រួមនិងវត្ថុតាងខាងលើ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ៕
មតិយោបល់