ព័ត៌មានជាតិ

ផឹកស្រាព្រោកប្រាជ្ញទាស់ពាក្យសម្តីគ្នា ទាញដំបងជ្រុងវាយបែកក្បាលម្នាក់ ឯអ្នកបង្កពីរនាក់ត្រូវឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១ ៧និង៣០នាទី នៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើង ក្នុងពេលដែលមនុស្សមួយក្រុមប្រមូលផ្តុំគ្នាផឹកស៊ី និងផ្តើមព្រោកប្រាជ្ញ រហូតគងពាក្យសំដីគ្នា បង្កជាជម្លោះកើតអំពើហិង្សា ។

ខណៈពេលដែលកំពុងផឹកស៊ី ពេលវេលាកាន់តែទៅមុខស្រាក៏ស្បើយ សាច់ខ្លែមក៏ជិតអស់ អ្នកផឹកបានបង្កើនការជជែកគ្នា យ៉ាងតឹងតែង រហូតធ្វើឱ្យបុរសចំនួន០២នាក់ ប្រើដំបងឈើជ្រុង និងដុំឥដ្ឋផងវាយ ទៅលើគូរទំនាស់ម្នាក់ឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បណ្តាលឱ្យរងរបួសលើក្បាល ចំនួន០២កន្លែង (របួសមធ្យម) ត្រូវបាននាំទៅព្យាបាលរបួសភ្លាមៗ ។

ករណីនេះកម្លាំងសមត្ថកិច្ច អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនដៃដល់ និងជាជនសង័្សយចំនួន០២នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវនោះគឺ៖

១-ឈ្មោះ ស៊ិន សៀក ហៅអិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ស៊ិន ធារិទ្ធ ហៅពៅ ភេទប្រុស អាយុ ៣០ឆ្នាំ ទាំង០២នាក់រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ដកហូតបាន៖ -កំណាត់ឈើនិងដុំឥដ្ឋ ។

នៅពេលនេះនគរបាលស្រុកបានរៀបចំសំណុំរឿង បញ្ជូនទាំងជនសង័្សយ និងវត្ថុតាង មកការិយាល័យជំនាញ អនុវត្តតាមផ្លូវច្បាប់ ៕

មតិយោបល់