ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកសិល្បៈក្នុងស្រុកមិនតិចទេ ចូលរួមសម្តែងការសោកស្តាយ ចំពោះការបាត់បង់ តារាចម្រៀង សែម សង្វាត

(ភ្នំពេញ)៖ តារាចម្រៀងមួយរូបរបស់កម្ពុជា គឺលោក សែម សង្វាត បានទទួលមរណភាពកាលពីយប់មិញនេះ ដែលធ្វើឲ្យអ្នករួមអាជីព និងមហាជនធ្លាប់គាំទ្រនិយមស្តាប់ចម្រៀងរបស់លោក មានការអាណិតអាសូរ សោកស្តាយជាពន់ពេក។ ការទទួលមរណភាពរបស់លោក សែម សង្វាត គឺបន្ទាប់ពីលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺប្រចាំកាយមួយចំនួន។

គិតរហូតមកទល់នឹងពេលនេះ គេឃើញមានអ្នកសិល្ប:រួមអាជីពជាបន្តបន្ទាប់ បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់មិត្តភ័ក្តរួមអាជីពមួយរូប។ តារាខ្មែរល្បីៗទាំងនោះរួមមាន អតីតតារាចម្រៀង និងសម្ដែង លោក ហង្ស ឈា, លោក ហង្ស ឈា បានចាត់ទុកថា មរណ ភាពរបស់លោក សែម សង្វាត គឺជាដំណឹងមួយ ដែលធ្វើឱ្យ លោក ស្ទើតែ មិន អាច ទទួល យក បាន ព្រោះតែសារសំឡេងឆ្លើយឆ្លងគ្នារវាងលោក និងលោក សែម សង្វាត ហាក់ នៅថ្មី ៗ ។

ដូចគ្នាតារាសម្ដែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន សម្ដែង ក្ដីរន្ធត់ និងសោកស្ដាយពេកក្រៃ ចំពោះក្រុមគ្រួសារលោក សែម សង្វាត ដែល បាន បាត់ សមាជិក ម្នាក់ ដែលជាស្វាមី ជាឪពុក និងជាសសរទ្រូងនៃគ្រួសារ ។ ក្នុងនាម ជាប្អូន ស្រី និងអ្នករួមអាជីព អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាន ឧទ្ទិស កុសល ឱ្យដួង វិញ្ញាណ ក្ខន្ធ លោក សែម សង្វាត បាន ទៅសោយ សុខ ក្នុងសុគតិភព។

ទន្ទឹមនឹងនោះ អតីតអ្នករួមក្រុម EV នៃផលិតកម្ម រស្មីស្ទឹងសង្កែ អ្នកនាង យក់ ឋិតរដ្ឋា ក្រោយ ទទួលដំណឹងនេះ អ្នកនាងនឹងគ្រួសារពិតជាក្ដីស្លុតចិត្តយ៉ាងខ្លាំង ដោយនាងបាន រំលេច អារម្មណ៍ដ៏សោកសៅ និងរំលឹកអនុស្សាវរីយជាមួយគ្នាជាច្រើន ។ អ្នកនាង យក់ ឋិតរដ្ឋា បានចាត់ទុកមរណភាពរបស់លោក សែម សង្វាត គឺជាការបាត់ បង់អតីត អ្នក រួម ក្រុម និងជាបងប្រុសដ៏ល្អ ។ ក្រៅពីតារាខ្មែរប៉ុន្មានរូបនេះ នៅមានសិល្បករសិល្បការិនីជាច្រើនរូបទៀត ដូចជាលោក ប៉ែន ចម្រុង អ្នកនាង ដួង ហ្សូរីដា លោក សាវិន ហ្វីលីព ក៏បាន សម្ដែង ការសោក ស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងករៀមក្រំចំពោះការលាចាកលោករបស់ លោក សែម សង្វាត ។

សូមបញ្ជាក់ថា តារាចម្រៀង សែម សង្វាត ម្ចាស់បទ «កម្មករឆ្លងដែន» បានបាត់មុខពីវិស័យសិល្ប: អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ចំពោះដំណឹងមរណភាពរបស់លោកនៅពេលនេះ ពិតជាធ្វើឲ្យមហាជនមានការតក់ស្លុតជាខ្លាំង ជាពិសេស គឺមានការអាណិតអាសូរចំពោះរូបលោកផងដែរ៕

មតិយោបល់