តាកែវៈ នៅថ្ងៃអង្គារ៍ ១៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២និង១០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ក្នុងភូមិប្ញស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1K-5689 បើកបរដោយឈ្មោះ ឌុក ពុធ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ នី ណាត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ។ អ្នកទាំងពីរមិនមានពាក់មួកសុវត្ថិភាពនោះទេ ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើ ក៏បានឡើងវ៉ារថយន្តមួយគ្រឿងរួចក៏ជ្រុលទៅបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ដែលមកពីទិសផ្ទុយចំពីចំហៀងខាងឆ្វេងនៃរថយន្តនោះតែម្តង។
ដែលរថយន្តនោះម៉ាក ហ៊្វត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3959 បើកបរដោយឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមន្ត្រីរាជការ នៅផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គ្មានរបួស) ដែលបើកបរមកពីទិសខាងកើត។
ករណីនេះ អ្នករបួសខាងម៉ូតូ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ វត្ថុតាងទាំងពីរខាងលើរងទទួលការខូចខាតធ្ងន់។
មូលហេតុ៖ បណ្តាលមកពីការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុកម្លាំងជំនាញ កសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕
មតិយោបល់