ព័ត៌មានជាតិ

យុវជន ២នាក់ ជិៈម៉ូតូបុករថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ នៅស្រុកថ្ពង

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង១៥នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ចំណុចភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក ណិច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1N-7151 អ្នកបើកបរឈ្មោះ ខៀវ តុលា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ កង បូរ៉ុម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានទៅបុករថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-1751 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណ(ចុះរត់គេចខ្លួន) ដែលកំពុងតែបើកបរបញ្រ្ចាសទិសគ្នា ករណីបណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស របួសធ្ងន់ ចំនួន០២នាក់(ប្រុស) ខូចខាតម៉ូតូ ចំនួន០១គ្រឿង និងរយន្តចំនួន០១គ្រឿង។

មន្ត្រីនគរបាលដដែលបន្តថា ចំពោះវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីដោះស្រាយតាមនីតិវិធី ៕

មតិយោបល់