បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនបាលស្រុកសំពៅលូន ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលវរៈសេនាតូច ការពារព្រំដែនគោកលេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមបណ្ដោយមាត់អូរព្រំដែន កម្ពុជា-ថៃ បង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (ចូលទៅប្រទេសថៃ) ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
ក្នុងកិច្ចប្រតិបត្តិការនេះ ជនសង្ស័យជាមេខ្យល់ក្នុងករណីនាំចេញ ដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ចូលទៅប្រទេសថៃ) ១.ឈ្មោះ ចាម តឹក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និង២.ឈ្មោះ នី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា ករណីឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ទាំងពីរនាក់នេះ គឺបន្ទាប់ពីពួកគេបានធ្វើសកម្មភាព នាំប្រជាពលរដ្ឋលួចឆ្លងដែន ដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ នាចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨នាក់ កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ។ ឆ្លងតាមរយៈការស្រាវជ្រាវទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង ។
តាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ សមត្ថកិច្ចកំណត់បានមុខសញ្ញាជាមេខ្យល់មួយចំនួនផ្សេងទៀត ដែលកំពុងគេចខ្លួន ហើយសមត្ថកិច្ចនឹងចាត់វិធានការ តាមនីតិវិធីនៅពេលក្រោយ ។ នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់