ព័ត៌មានជាតិ

គ្មានលុយភ្ជុំបិណ្ឌបែកគំនិតលួចលុយថៅកែខ្លួនឯង បានបួនថ្ងៃត្រូវសមត្ថកិច្ចក្របួចបានម្នាក់មកវិញ

តាកែវ: ក្រោមការចង្អុលបង្ហាញពីសំណាកលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយពីបានទទួលពាក្យបណ្តឹងកាលពីថ្ងៃច័ន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាចន្លោះម៉ោង១០ទៅ១១ នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីអំពើលួចមានស្ងានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចចូលផ្ទះរបស់ជនរងគ្រោះឈ្មោះ វង់ រាំង ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ បានចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅខណ:ពេលដែលម្ចាស់ផ្ទះមិននៅ(ទៅធ្វើចម្ការ) ចម្ងាយពីផ្ទះប្រមាណ ៥០០ម៉ែត្រ។

ចំពោះទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖
– លុយដុល្លារចំនួន ៣,៨០០ដុល្លារ
– លុយខ្មែរចំនួន ៨,០០០,០០០រៀល
– មាសចំនួន ០៣ដម្លឹង

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូត និងកំណត់មុខសញ្ញាជនសង្ស័យបានម្នាក់ មានឈ្មោះ សុខ សាន (ហៅ ហេង) ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់មកជនសង្ស័យក៏ឆ្លើយសារភាពថា៖ ក្នុងសកម្មភាពលួចនេះគឺមានការចូលរួមលួច មានបក្ខពួកចំនួន០២នាក់ទៀតគឺ ១. ឈ្មោះ កច់ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ទី២.ឈ្មោះ ហ៊ីង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិហាន្ទា ឃុំកំពែង ស្រុកគិរីវង់ ទាំង០២នាក់នេះបានរត់គេចខ្លួនបាត់ ។

ដកហូតវត្ថុតាងរួមមាន៖
– ម៉ូតូម៉ាកអ៊ិចស៊ិទ័រ ពណ៌ខ្មៅ០១គ្រឿង
– ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក ViVo ពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកViVo ពណ៌ខៀវចំនួន០១គ្រឿង ។
– លោហធាតុពណ៌លឿងសរុបចំនួន ៣តម្លឹង ៤ជី៧ហ៊ុ ន ១,៥លី
– លុយដុល្លារចំនួន 970$
– ប្រាក់រៀលចំនួន១,៤៧១,២០០រៀល។

ករណីនេះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងកសាងសំណុំរឿងតាមនីតិវិធី រីឯជនសង្ស័យ ២នាក់ កំពុងរត់គេខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់