កណ្តាល: សកម្មភាពប្រើហិង្សាទៅលើប្រពន្ធកូនដោយសារតែខឹង Call ទៅប្រពន្ធច្រើនដងមិនលើកទូរស័ព្ទ បែរជាវាយប្រពន្ធនិងកូន បណ្តាលឱ្យរងរបួសស្នាម ពេលនោះជនរងគ្រោះបានរត់ចេញពីផ្ទះ បន្ទាប់មកជនបង្កបានយកអង្រែបុកគ្រឿងទៅវាយកញ្ចក់បង្អួចផ្ទះបណ្តាលឲ្យបែកអស់ចំនួន១០ និងវាយទូរកញ្ចក់បែកអស់ចំនួន១។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤និង៥នាទី នៅចំណុច ភូមិវិហារជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានចំនួន២នាក់ ទី១ឈ្មោះ ម៉ាន់ សុភាព ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (របួសដើមដៃឆ្វេង១កន្លែង) ជាប្រពន្ធ ទី២ឈ្មោះ លួន លីណា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ (របួសខ្នង) ជាកូន ចំណែកជនសង្ស័យម្នាក់ជាប្តី ឈ្មោះ លួត លួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំ កើតហេតុ (ឃាត់ខ្លួន)។
តាមប្រភពដដែលបន្តថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពប្រើហិង្សាជាច្រើនលើកត្រូវសមត្ថកិច្ចប៉ុស្តិ៍ធ្លាប់អប់រំម្តងមកហើយ។ ជាក់ស្តែងនៅពេលកើតហេតុខាងលើប្តីបានទូរស័ព្ទទៅប្រពន្ធ តែប្រពន្ធមិនលើកពេលនោះប្តីខឹង ជិះម៉ូតូចូលដល់ផ្ទះជិះម៉ូតូបុកកង់កូនរួច ជិះម៉ូតូចេញពីផ្ទះបាត់មួយសន្ទុះ ក៍ជិះម៉ូតូចូលមកផ្ទះវិញ ស្ទុះទៅយកខ្សែឌុយបញ្ចូលទូរស័ព្ទវាយកូនឈ្មោះ លួន លីណា ជាច្រើនបណ្តាលឲ្យរបួសខ្នង ប្រពន្ធចូលទៅជួយកូនត្រូវប្តីវាយចំដើមដៃខាងឆ្វេង បណ្តាលឲ្យមានរបួសស្នាម ពេលនោះប្រពន្ធបានរត់ចេញពីផ្ទះ បន្ទាប់មកប្តីបានយកអង្រែបុកគ្រឿងទៅវាយកញ្ចក់បង្អួចផ្ទះ បណ្តាលឲ្យបែកអស់ចំនួន១០ និងវាយទូរកញ្ចក់បែកអស់ចំនួន១។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់