ព័ត៌មានជាតិ

Update៖ បុរសម្នាក់សង្ស័យទៅសម្អាតម៉ាស៊ីនត្រជាក់ ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យស្លាប់

ភ្នំពេញ: នៅវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណ:ដែលគាត់ទៅកន្លែងម៉ាស៊ីនត្រជាក់ សង្ស័យជូតសម្អាតនៅក្នុងផ្ទះមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិតនោះឈ្មោះ ស៊ុ វិសិដ្ឋ អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។ នៅមុនពេលកើហេតុ បុរសរងគ្រោះសង្ស័យទៅជូតសម្អាតម៉ាស៊ីនត្រជាក់ នៅក្នុងផ្ទះជាន់ទី១ ខណ:នោះដោយសារតែនៅទីតាំងខាងលើ មានទឹកសើមៗ ទើបបណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។

ប្រភពដដែលបានបន្តថា ពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យជាក់ស្ដែង ។ ព្រមទាំងរាយការណ៍ ជូនទៅកាន់នគរបាលការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់