បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ត្រង់ចំណុចលូតាផនដៃអូរត្រស់ ក្រុមទី១២ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិត ។
ជនរងគ្រោះឈ្មោះ ម៉ក់ តែម ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីឈ្មោះ ទឹម ហុច ភេទស្រី អាយុ៧៦ឆ្នាំ ត្រូវជាប្រពន្ធ បានអោយដឹងថានៅថ្ងៃកើតហេតុ វេលាម៉ោង១១និង០០នាទី ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹងរហូតដល់ម៉ោង១៧និង៣០នាទី ប្ដីរបស់ខ្លួនបានដើរទៅមើលមងដាក់ត្រីនៅចំណុចប្រឡាយដៃអូរត្រស់ ដោយបាត់ប្ដីយូរពេកខ្លួនក៏ទៅតាមរក មកដល់កន្លែងប្ដីរបស់ខ្លួនដាក់មងតែរកមិនឃើញប្ដី ឃើញតែស្បែកជើងអណ្ដែតទឹកនៅជាប់មាត់លូ ខ្លួនក៏មានការសង្ស័យក៏បានដើររកក៏ប្រទះឃើញសាកសពប្ដីរបស់ខ្លួនលង់ទឹកស្លាប់ រួចក៏នាំកូនស្រង់យកមកដាក់នៅវត្តត្រស់ ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។
ក្រោយពីពិនិត្យទីកន្លែងកើតហេតុនិងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថាជនរងគ្រោះឈ្មោះ ម៉ក់ តែម ភេទប្រុស អាយុ៧១ឆ្នាំ ស្លាប់ដោយលង់ទឹកប្រាកដមែន ព្រោះមូលហេតុស្រវឹងស្រាទៅមើលមងដាក់ត្រីនៅចំណុចលូតាផនដៃអូរភូមិត្រស់ បណ្ដាលលង់ទឹកស្លាប់ ។
បច្ចុប្បន្ន សាកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ ៕
មតិយោបល់