ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ប៉ៃលិន: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង០៩ និង២០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹងករណីបាត់ម៉ូតូ០១ករណីស្ថិតនៅចំណុចបន្ទប់ជួល ក្រោយសាលាប្រ៊ិក ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ពីឈ្មោះ ឡេង សុភា ភេទ​ប្រុស អាយុ​ ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda​ Zoomer-X ស៊េរីឆ្នាំ២០១៩ ពណ៌ស​ លេខតួ៥១០៦៦០៦ លេខម៉ាស៊ីន ៥១០៦៦០៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-7488 ។

ក្រោយមកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសុំការសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកម្រៀង ដើម្បីជួយស្រាវជ្រាវរកជនសង័្សយ លុះមកដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកម្រៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងម៉ូតូចំនួន០១គ្រឿង ស្ថិតនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ វិមុត សិរី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២-ឈ្មោះ ម៉េង គឹមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ។

វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូម៉ាក Honda​ Zoomer-X សេរីឆ្នាំ២០១៩ ពណ៌ស ចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ
-ទួលឡឺវ៉ីសសម្រាប់កាច់សោកម៉ូតូចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់