ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប ពន្លះរបាំងទ្រូងផ្លូវបាក់២កង់

ភ្នំពេញ: ស្ត្រី២នាក់បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន សង្ស័យស្រវឹងស្រា ជ្រុលទៅបុកក្បាលព្រួញថ្មចែកទ្រូងផ្លូវបាក់២កង់ រថយន្តខូចមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនមានអ្នករបួស ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០១និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីជនជាតិបរទេស២នាក់ បើករថយន្តស៊េរីទំនើបម៉ាកសឺដែស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BL 2682 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន សង្ស័យស្រវឹងស្រា ខណ:មេឃកំពុងតែភ្លៀងផងនោះ បានរេចង្កូតជ្រុលទៅបុកក្បាលព្រួញ ចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់២កង់ រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញ ស្នងការាជធានីភ្នំពេញ ឲ្យមកវាស់ស្ទូងរថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់