ភ្នំពេញៈ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ លោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែលព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា មិនទាន់បាន ១០ ថ្ងៃផង បង្កការបាញ់បោះសេរីយ៉ាងអាណាធិបតេយ្យ ៦-៧ គ្រាប់ នៅភូមិគ្រឹះរបស់ខ្លួន។
ហេតុការណ៍បាញ់បោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥ នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនបង្កគឺលោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា ។
ជនរងគ្រោះទី១.ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ទី២.ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ទី៣.ឈ្មោះ គារ សុខគាង ភេទ ស្រី អាយុ១៩ឆ្នាំ អ្នកទាំង៣នាក់ ស្នាក់នៅទីតាំងកើតហេតុខាងលើជាមួយគ្នា។
ប្រភពព័ត៌មាន បានឲ្យដឹងថា ករណីនេះ គឺដោយសារមានទំនាស់ក្នុងគ្រួសារ តែសំណាងល្អនៅក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យជនរងគ្រោះរងរបួស ឬបាត់បងជីវិតឡើយ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌដង្កោ បានចុះទៅធ្វើកំណត់ហេតុនៅទីតាំងកើតហេតុ។ រីឯជនរង គ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
មតិយោបល់