ព័ត៌មានជាតិ

មុខសញ្ញាប្រើប្រាស់សារធាតុញៀនម្នាក់ លួចគាស់យកទ្វារដែកផ្ទះពលរដ្ឋបិទទ្វារទុកចោល ត្រូវនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពលួចគាស់ទ្វារដែកផ្ទះប្រជាពលរដ្ឋ បិទទ្វារទុកចោលនៅខណ្ឌប្ញស្សីកែវ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចាប់ឃាត់ខ្លួន ខណ:ជនសង្ស័យបានយកទ្វារដែកដឹកអូសតាមកង់នៅលើផ្លូវសាធារណ: នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ នៅចំណុច​ ផ្លូវ១៨០០ ក្រុម​០៤​ ភូមិ​ទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌប្ញស្សីកែវប្រាប់ឱ្យដឹងថា នៅចំណុចផ្ទះជនរងគ្រោះមានឈ្មោះ​ សូ​ ហាតូ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨២២ ផ្លូវ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺមាន​ជនជនសង្ស័យឈ្មោះ កាន់​ វី ភេទប្រុស​ អាយុ ​២៧ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិ១៧ សង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពគាស់ទ្វារផ្ទះយកទ្វារដែកលើកដាក់អូសតាមកង់លើផ្លូវលេខ១៨០០ ខណ:នោះក៏បានជួបប្រទះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ២ និងខណ្ឌចុះល្បាតហើយមានការសង្ស័យក៏ហៅជនសង្ស័យឈប់សួរនាំ នៅពេលនោះទើបដឹងថា ជនសង្ស័យបានលួចទ្វារដែលផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចខាងលើ។ បន្ទាប់មកជនសង្ស័យ ត្រូវបាននគរបាលនាំខ្លួនសាកសួរនៅប៉ុស្ថិ៍នគរបាលរដ្ឋបាល ដើម្បីយកមកអនុវត្តតាមនីតិវិធី។ ដោយឡែកទ្វារដែក០១ផ្ទាំងក៏ត្រូវបាននគរបាលប្រគល់ឱ្យម្ចាស់ផ្ទះវិញ៕

មតិយោបល់