កណ្ដាលៈ នៅថ្ងៃពុធ ០៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣ និង ១០នាទី ចំណុចលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅមុខរោងចក្រព្យូអឹមអាយ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ២៦-២៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់ ។
សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល ១V១៤៥៧ បើកបរដោយឈ្មោះ សេនប៊ុន្នី (ស្លាប់នៅកន្លែងកើតហេតុ) ភេទប្រុស អាយុ៥៤ឆ្នាំ បំរើការយោធា នៅមជ្ឈមណ្ឌលហ្វឹក ទីលំនៅផ្ទះលេខ១១១៧ ផ្លូវ៣៦ បូរីសូនី ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកម៉ូតូមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ-កំពង់ស្ពឺ) លុះដល់ចំណុចកើតហេតុខាងលើ បានចាប់ហ្វ្រាំង បណ្ដាលអោយដួលបោកលើទ្រូងផ្លូវ ស្របពេលដួលក៏មានរថយន្ដ១គ្រឿង មិនដឹងម៉ាកមិនដឹងផ្លាកលេខ បើកមកពីក្រោយស្របទិសគ្នា បានកិនចំក្បាលអ្នកបើកម៉ូតូ បណ្ដាយអោយស្លាប់តែម្តង ។
ចំពោះរថយន្ដក្រោយពេលកើតហេតុ បានបើករត់គេចទៅទិសខាងលិចបាត់ទៅ ។ សេចក្ដីសន្និដ្ឋាន៖ ករណីនេះបណ្ដាលមកពី អ្នកបើកបរម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន ។ ចំពោះមធ្យោយបាយ កម្លាំងជំនាញបាន ធ្វើការវាស់វែង យកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រៃណី ៕
មតិយោបល់