ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកំហែងយកទូរស័ព្ទ ព្រះសង្ឃតាមទីវត្តអារាម

បន្ទាយមានជ័យៈ ក្រោមការអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស្នងការ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ បានបញ្ជាទៅអធិការនគរបាល ស្រុកមង្គលបូរី ចុះស្រាវជ្រាវ មុខសញ្ញាសកម្ម ពាក់ព័ន្ធករណីកំហែងយកទូរស័ព្ទ របស់ព្រះសង្ឃតាមទីវត្តអារាមផ្សេងៗពីគ្នា ក្នុងស្រុកមង្គលបូរី ។

ក្នុងរយៈពេល២ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំល្វា ស្រុកបវេល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ធ្វើការសាកសួរ បានសារភាពថា ពិតជាបានប្រព្រឹត្តិ្តកំហែងយកទូរស័ព្ទពិតប្រាកដមែន។

ជនសង្ស័យមាន៖ ១.ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ ២.ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ឈុន សាវ អិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតមាន៖ ១.ទូរសព្ទ០៣គ្រឿង ។ ២.អាយផែត០១គ្រឿង ។ ៣.កាំភ្លើងខ្លីបាញ់គ្រាប់កង់០១ដើម ។
៤.កាំបិតសាំម៉ូរ៉ៃ០១ដើម ។ ៥.ថ្នាំញៀនចំនួន០៩កូនថង់ (ម៉ាទឹកកក) ។ ៦.កូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីបន្តទៅតុលាការ ៕

មតិយោបល់