ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនរេចង្កូតបុកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតត្រូវម៉ូតូរបួសម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AH-9998 ពណ៌ស បើកបរលឿនរេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទាតត្រូវម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ1GT-4891 បណ្តាលឲ្យរបួសបុរសម្នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2AH-9998 ពណ៌ស បើកបរល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ។ លុះពេល មកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះរេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ដាច់មួយកង់ខ្ទាតទៅប៉ះចំម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ បណ្តាលឲ្យរងខូចខាត និងម្ចាស់ម៉ូតូបានរងរបួសផងដែរ ។ ចំណែកឯរថយន្តនោះវិញ បានបែកកង់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងត្រង់ចំណុចកើតហេតុភ្លាមៗផងដែរ​ ។
ករណីនេះម្ចាស់រថយន្តបង្កនិងម្ចាស់ម៉ូតូរងគ្រោះ បានធ្វើការដោះស្រាយគ្នាត្រូវ ដោយព្រមសងសំណងទៅភាគីម៉ូតូរងគ្រោះចំនួន២៥០ ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ ដោយឡែកការខូចខាតផ្នែកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋសមត្ថកិច្ចបានយករថយន្ត បង្កទៅកាន់អធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំ ធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់