កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣:២០ នាទីមានករណីធ្វើអោយខូចខាតដោយចេតនាចំណុចកើតហេតុភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ វ៉ាត ធារ៉ា ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។
ជនសង្ស័យឈ្មោះ ខឿន សៅម្នី ហៅប្រុស ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ដំបងឬស្សី ប្រវែង ៧០សង់ទីម៉ែត្រ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧:០០នាទី ជនរងគ្រោះបានទៅធ្វើការ នៅរោងចក្រស្បែកជើងបាត់ ដោយឡែកប្តីរបស់ខ្លួននៅផ្ទះតែម្នាក់ឯង រហូតដល់ម៉ោងកើតហេតុជនសង្ស័យ បានកាន់ដំបងឬស្សី មិនដឹងចេញមកពីណាទេ ស្រាប់តែដើរចូលមកក្នុងដីឡូត៍របស់ជនរងគ្រោះហើយបានវាយកញ្ចក់ផ្ទះរបស់ខ្លួន (ជនរងគ្រោះ) បែកអស់មួយផ្ទាំង និងវាយឆ្នាំងដាំទឹកកំពិតអស់ចំនួន ០១ ពេលនោះប្តីរបស់ជនរងគ្រោះបានតេទូរស័ព្ទប្រាប់ជនរងគ្រោះថា”អាប្រុសវាយកញ្ចក់ទ្វារផ្ទះ និង ឆ្នាំងដាំទឹកកំពិតអស់ហើយ”លឺដូចនោះជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលឃុំសៀមរាប និងបានចេញពីធ្វើការមកដល់ផ្ទះឃើញ ទ្វារផ្ទះរបស់ខ្លួនបែកពិតប្រាកដមែន និងបានឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប កំពុងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់