កណ្តាល៖ បុរសម្នាក់ត្រូវបានសត្វពស់វែកក្របីខាំ បណ្តាលឱ្យស្លាប់ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បន្ទាប់ពីបុរសរូបនោះ ដាក់មងបានសត្វពស់វែកក្របីដ៏ធំមួយយកទៅផ្ទះ ដោយមានការធ្វេសប្រហែងពស់ក៏បានរួច និងចឹកបណ្តាលឱ្យស្លាប់ ក្រោយពីបញ្ជូនទៅឱ្យគ្រូខ្មែរព្យាបាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដោយសត្វពស់ចឹកនោះ មានឈ្មោះ លាន់ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។
នៅមុនពេលកើតហេតុបុរសរូបនោះ បានចុះទៅមើលមងដាក់ត្រីក្នុងបឹង ខណៈពេលកំពុងមើលមងក៏ឃើញជាប់សត្វពស់វែកក្របីមួយក្បាល មានទំងន់ ១,៥គីឡូក្រាម។ ឃើញដូច្នេះ ជនរងគ្រោះបានដោះសត្វពស់វែកក្របីនោះដាក់ក្នុងថងរាងវែងធ្វើសំពត់ “ទៃ” រួចស្ពាយយកមកផ្ទះ។
នៅពេលទៅដល់ផ្ទះជនរងគ្រោះបានយកសត្វពស់វែកនោះចេញពី ទៃ ហើយយកពស់វែកក្របីនោះពាក់លើស្មា ពេលនោះពស់វែកក្របីបានលូនចូលក្រោមគ្រែ។ ភ្លាមនោះជនរងគ្រោះបានយកដៃចាប់ពស់វែកក្របីនោះ ស្រាប់តែពស់បានខាំដៃខាងស្ដាំ និងខាំបបូរមាត់មួយកន្លែងទៀត។
ពេលនោះក្រុមគ្រួសារជនរងគ្រោះ បានយកជនរងគ្រោះ ទៅផ្ទះគ្រូខ្មែរឈ្មោះ វ៉ាន់ ហួន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូមើលអ្នកត្រូវពស់ខាំ មានទីលំនៅភូមិ ឃុំ កើតហេតុ បានដាក់ថ្នាំឱ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមលេប បន្ទាប់មកគ្រូខ្មែរនោះបានឱ្យក្រុមគ្រួសារជនរងគ្រោះយកទៅផ្ទះវិញ។ ខណៈពេលទៅដល់ផ្ទះ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតតែម្តង៕
មតិយោបល់