ព័ត៌មានជាតិ

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ករណីភ្ជង់ប្លន់យកទ្រព្យសម្បត្តិនារីម៉ាស្សា

ភ្នំពេញៈ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង0០នាទី កម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីប្រើកាំភ្លើងភ្ជង់ប្លន់យកទ្រព្យសម្បត្តិ ត្រង់ចំណុចហាងកោសជប់ម៉ាស្សា យីហោ៣៣៣ ផ្លូវ៣៧១ ស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មាះ ដឿន សុភឿន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរម៉ាស្សាកោសជប់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យម្នាក់ឈ្មោះ គុយ សុធាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

សម្ភារៈបាត់បង់៖ ១/លុយចំនួន៧៥០ដុល្លារអាមេរិក (ប្រាំពីររយហាសិបដុល្លាអាមេរិក) ។ ២.ខ្សែដៃផ្លាកទីនទម្ងន់៣ជី ចំនួន០១ខ្សែ ។ ៣. ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកOPPO ១គ្រឿង ម៉ាក VIVO០១គ្រឿង) ។

វត្ថុតាងចាប់យក៖ ១/កាំភ្លើងខ្លីប្រើហ្គាស (គ្មានបង់) ចំនួន០១ដើម ។ ២/មួកក្រណាត់ម៉ាក GUCCI (របស់ជនសង្ស័យ ពាក់ធ្វើសកម្មភាព) ចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីនាទី ជនរងគ្រោះឈ្មាះ ដឿន សុភឿន ភេទស្រី អាយុ៣៤ឆ្នាំ កំពុងអង្គុយនៅក្នុងហាងម៉ាស្សាកោសជប់យីហោ៣៣៣ ផ្លូវ៣៧១ ស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់៖ ទី០១/ឈ្មោះ គុយ សុធាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ទី០២/ឈ្មោះ ថង ភេទប្រុស អាយុ ២៥ឆ្នាំ ទី០៣/ឈ្មោះ ឌុន ភេទប្រុស អាយុ២៦ឆ្នាំ បានជួលកង់បីឥណ្ឌាជិះមកដល់ហាងម៉ាស្សាកោសជប់ខាងលើ ក៏បានចូលក្នុងហាងនាំជនរងគ្រោះចូលក្នុងបន្ទប់ ដើម្បីកោសជប់ តែពេលចូលដល់ក្នុងបន្ទប់ជនសង្ស័យឈ្មោះ គុយ សុធាវុធ បានធ្វើសកម្មភាពយកកាំភ្លើងខ្លីប្រើហ្គាស់ ភ្ជង់ប្លន់យកលុយ និងទ្រព្យសម្បត្តិ ពីជនរងគ្រោះចំនួន៧៥០ដុល្លារអាមេរិក (ប្រាំពីររយហាសិបដុល្លារអាមេរិក), ខ្សែដៃផ្លាកទីនទម្ងន់៣ជីចំនួន០១ខ្សែ, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកOPPO ១គ្រឿង, ម៉ាកVIVO ១គ្រឿង) ហើយជនសង្ស័យក៏បានគេចខ្លួនបាត់អស់។

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សម្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ រកជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅហាងម៉ាស្សាកោសជប់យីហោ ៣៣៣ កំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពខាងលើ ។

លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុយ សុធាវុធ រួមនិងវត្ថុតាង ១/កាំភ្លើងខ្លីប្រើហ្គាស (គ្មានបង់) ចំនួន០១ដើម ។ ២/មួកក្រណាត់ម៉ាក GUCCI (របស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ចំនួន០១ នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់ ៕

មតិយោបល់