ភ្នំពេញៈ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបន្ទាប់ពីចេញពីជក់ថ្នាំ រួចសមត្ថកិច្ចឃាត់សួរនាំ តែបែរជារត់ចោលម៉ូតូ រួចទាក់ទងទៅវិទ្យុABC ថាមានជនសង្ស័យ៣នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃ២ដើម ភ្ជង់ប្លន់ យកម៉ូតូ ចុងក្រោយជាប់ខ្នោះ។
ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង១១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ធី ប្រណី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលេងភ្លេងសម័យតាមរោងការ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីតំបន់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) មហាវិថីសម្ដេចតេជោ(ផ្លូវ៦០ម៉ែត្រ) ទើបកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ប្រទះឃើញ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ធ្វើការសាកសួរ និងត្រួតពិនិត្យ តែជនសង្ស័យបានដកសោរម៉ូតូ រួចរត់គេចខ្លួនទៅតាមច្រកតំបន់វាលខ្សាច់តាក់ហ្វាតនោះបាត់ស្រមោលតែម្ដង។ ដោយរង់ចាំមើលមួយសន្ទុះមិនឃើញជនសង្ស័យត្រឡប់មកវិញ ទើបសមត្ថកិច្ចបានយម៉ូតូ Viva ស្លាកលេខ កណ្ដាល 1H-6508 ខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំម្ចាស់ម៉ូតូមានកាគ្រីនិងឯកសារមកម៉ូតូវិញ។
ក្រោយមកជនសង្ស័យបានទាក់ទងទៅបងប្រុសឲ្យមកយកខ្លួន រួចទាក់ទងរាយការណ៍ទៅវិទ្យុABC ថាមានជនសង្ស័យ៣នាក់ ជិះម៉ូតូ Dream មិនចាំស្លាកលេខ មួយគ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ២ដើម ជិះតាមពីក្រោយមកដល់ចំណុចមុខវត្តចាក់អង្រែក្រោម រួចដកដាវភ្ជង់ប្លន់ យកម៉ូតូពីខ្លួនបានសម្រេចរួចជិះគេចខ្លួនបាត់ទៅ ផ្អើលសមត្ថកិច្ចទាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះស្វែងរកលាន់ តែមកដល់កន្លែងកើតហេតុនាំទៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរពីដំណើររឿង និងធ្វើការពិនិត្យទឹកនោមទើបដឹងថា ជនសង្ស័យខាងលើពិតជាបានចូលទៅប្រើប្រាស់គ្រឿងញៀន នៅតំបន់មិនរៀបរយ (វាលខ្សាច់តាក់ហ្វាត) ផ្លូវ៦០ម៉ែត្រនោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់