ដំណឹងនេះ ត្រូវបានប្រកាសឲ្យដឹង ដោយលោក Khin Maung Zaw ប្រធានក្រុមមេធាវី ការពារក្តីជូនលោកស្រីអ៊ុងសាន ស៊ូជី នៅលើទំព័រ ហ្វេសប៊ុក របស់ផ្ទាល់តែម្តង។ អ្នកនាំពាក្យរបបសិកភូមា បានបញ្ជាក់ថា រដ្ឋាភិបាលពិតជាបានចេញ លិខិតបញ្ជានេះមែន។ លិខិតនេះ ហាមលោក Khin Maung Zaw ចាប់ពីថ្ងៃទី ១៤តុលាទៅ មិនឲ្យទាក់ទង ឬជួបជាមួយអ្នកកាសែតក្នុងស្រុក និងក្រៅស្រុក មិនឲ្យជួបជាមួយតំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិទាំងអស់ មិនថាដោយផ្ទាល់ ឬដោយប្រយោលទេ។ លិខិតនេះ បានលើកហេតុផលថា ការទំនាក់ទំនងទាំងអស់នេះ គឺអាចបង្កឲ្យមានចលាចល ខូចសណ្តាប់ធ្នាប់សាធារណៈ។
កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយចប់សវនាការ លោក មេធាវី Khin Maung Zaw បានរៀបរាប់ប្រាប់អ្នកកាសែត អំពីប្រសាសន៍ឆ្លើយបំភ្លឺរបស់ លោក Win Myint អតីតប្រធានាធិបតីភូមា ដែលត្រូវក្រុមកងទ័ពទំលាក់ពីមុខងារ។ លោកWin Myint បានថ្លែងថា នៅថ្ងៃទី១កុម្ភៈ នៅពេលពួកកងទ័ព ចុះមកចាប់រូបលោក លោកបានប្រាប់ទៅកងទ័ពថា លោកសុខចិត្តស្លាប់ តែមិនចុះចេញពីតំណែងជាដាច់ខាត។
សូមបញ្ជាក់ថា លោកមេធាវី Khin Maung Zaw គឺជាប្រភពព័ត៌មានតែមួយគត់ សម្រាប់អង្គទូត អង្គការនានា និងបណ្តាញព័ត៌មាន ដើម្បីអាចដឹងអំពីដំណើរការប្រព្រឹត្តិទៅ ក្នុងអង្គសវនាការ កាត់ទោសលោកស្រីអ៊ុងសាន ស៊ូជី ព្រមទាំងលោកអតីតប្រធានាធិបតី Win Myint ព្រោះថាសវនាការនេះធ្វើឡើងដោយបិទទ្វារជិត។ លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំ មិនអាចមានទំនាក់ទំនងជាមួយពិភពខាងក្រៅ អាចជួបមេធាវីលោកស្រី តែក្នុងពេលសវនាការតែប៉ុណ្ណោះ។
ថ្មីៗនេះ សមាគមអាស៊ាន បានអំពាវនាវ ឲ្យរបបសិក គោរពការសន្យាទាំង៥ចំណុច។ តែយ៉ាងណា លោក Zaw Min Tun អ្នកនាំពាក្យរបបសិកភូមា បានលើកឡើងថា ភូមាមិនបានបិទផ្លូវ មិនឲ្យតំណាងអាស៊ាន ចូលទៅភូមាទេ តែតំណាងអាស៊ាន មិនអាចទៅជួបលោកស្រី អ៊ុងសាន ស៊ូជី បានឡើយ ព្រោះលោកស្រីកំពុងប្រឈមនឹងទោសឧក្រិដ្ឋ។
គួរកត់សំគាល់ថា រហូតមកទល់ពេលនេះ វិបត្តិនៅភូមា មិនទាន់មានដំណោះស្រាយអ្វីទាំងអស់ ដោយរបបសិក កាន់តែបង្ហាញជំហរ រឹងទទឹង។ អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌នានា កំពុងតែព្រួយបារម្ភ អំពីការផ្ទុះសង្គ្រាមស៊ីវីល រវាងកងទ័ពភូមា ជាមួយនឹងក្រុមឧទ្ទាមជាច្រើនក្រុម ខណៈដែលវិបត្តិសេដ្ឋកិច្ចកំពុងតែរុករានជីវភាពរបស់ប្រជាជនភូមា៕
មតិយោបល់