ព័ត៌មានជាតិ

កាមរីហាយព្រីតមួយគ្រឿង បើកលឿនរេចង្កូតបុករបងផ្ទះពលរដ្ឋ បណ្តាលឲ្យម៉ាស៊ីនដាច់ធ្លាក់ចេញពីរថយន្ត

ភ្នំពេញៈ បុរសម្នាក់បានរួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តកាមរីហាយព្រីត ពណ៌ខ្មៅ មួយគ្រឿង តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងខឿនទៅបុករបងផ្ទះពលរដ្ឋ បាក់ពីផ្ទាំងរួចវិលជាច្រើនជុំ បណ្តាលឲ្យម៉ាស៊ីនធ្លាក់ចេញពីរថយន្ត រងការខូចខាត ខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យទី១៧ ខែតុលា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីបងប្រុសជាសន្តិសុខម្នាក់ នៅកន្លែងកើតហេតុ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត នៅក្នុងរថយន្តទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក កាមរីហាយព្រីត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AC-3168 បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃឡើងលើខឿន ជ្រុលទៅបុកទម្លុះរបងផ្ទះពលរដ្ឋបាក់២ផ្ទាំង បណ្តាលឲ្យរថយន្តវិលជាច្រើនជុំ រងការខូចខាតផ្នែកមួយកំណាត់មុខទាំងស្រុង ហើយភ្លាមៗនោះដែរ សមត្ថកិច្ចឃាត់បានតែអ្នករួមដំណើរ ចំណែកអ្នកបើករថយន្តបង្ក បានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់