ព័ត៌មានជាតិ

ម៉ូតូបើកឡើងទួលចូលផ្លូវរថយន្តក្រឡាច់ដួល បុកជាមួយរថយន្ត ស្លាប់មនុស្ស ៣នាក់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ម៉ោង ៦និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះ
គីឡូម៉ែត្រលេខ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ មានម៉ូតូមូយគ្រឿងម៉ាក HONDA Beat 110 ពណ៌ក្រហម ប្រភេទស្រី ពាក់ស្លាកលេខ ព្រៃវែង 1U-0951 បើកបរដោយឈ្មោះ ប្រឹស ស៊ីណេត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មានអ្នករួមដំណើរ០២នាក់ ឈ្មោះ ប្រឹស ចន្ថា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិក្រសាំងចារជាមួយអ្នកបើកម៉ូតូត្រូវជាប្អូន និងឈ្មោះ ព្រឹល ឡៃសៀក ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្របបាយ ឃុំកពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវជាប្រពន្ធ ដែលបើកមានទិសដៅអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបើកឡើងទួលចូលផ្លូវរថយន្ត ស្រាប់តែក្រឡាច់ដួលម៉ូតូដោយខ្លួនឯង បោកមកខាងឆ្វេងដៃចូលមកបុកជាមួយរថយន្តម៉ាក HYUNDAI MIGHTY ពណ៌ទឹកប្រាក់ ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3E-3874 បើកបរដោយឈ្មោះ ឆេន សុភី ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់ នៅកន្លែងកើតហេតុ ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូនិងរថយន្តបានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

ក្រោយកើតហេតុអ្នកបើកបរមិនចាកចេញពីកន្លែងកើតហេតុឡើយ ដោយក្រែងមានសុវត្ថិភាពខ្លួន បានរត់ចូលកន្លែងសន្តិសុខយាមរបស់ ក្រុមហ៊ុនបេតុងក្រឡុកស៊ីម៉ង់ជប៉ុន នៅជិតកន្លែងកើតហេតុ រង់ចាំសមត្ថមិច្ចមកទទួល និងឆ្លើយបំភ្លឺ បច្ចុប្បន្នផ្នែកជំនាញកំពុងសាកសួរលើ អ្នកបើកបររថយន្ត ដែលបុកលើម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ខាងលើ៕

មតិយោបល់