ព័ត៌មានជាតិ

លោក ស ថេត៖ មិន​អនុញ្ញាត​ឲ្យ​មន្ត្រីនគរបាល​ណា​ម្នាក់​ យាម​តាម​ក្លឹប​កម្សាន្ត​ឡើយ​

​ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានដាក់​បទបញ្ជា​មិន​អនុញ្ញាត​ឲ្យ​មន្ត្រីនគរបាល​ណា​ម្នាក់​ទៅ​បំពេញការងារ​ផ្សេង​ក្រៅពី​ការងារ​នគរបាល​ឡើយ ដោយសារ​កន្លងទៅ មាន​មន្ត្រីនគរបាល​មួយចំនួន​តូច បាន​ឆ្លៀត​ទៅ​បំពេញការងារ និង​យាម​តាម​ក្លឹប​កម្សាន្ត​ ។

​ថ្លែង​ទៅកាន់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពេល​គោរព​ទង់ជាតិ​ដូច​សព្វមួយដង ​ដែលមាន​មន្ត្រី​ជាង​៨០០​នាក់ ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បញ្ជាក់ថា មន្ត្រីនគរបាល​មិនត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​កន្លងទៅ​មាន​មន្ត្រីនគរបាល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក៏បាន​ចាត់ការ​តាម​នីតិវិធី ហើយ​នៅតាម​ក្លឹប​កម្សាន្ត នឹងមិន​អនុញ្ញាតអោយ​មាន​វត្តមាន​មន្ត្រីនគរបាល​ទៅ​យាម ឬ​ការពារ​ក្លឹប​ណាមួយ​ឡើយ ។​

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ​ឲ្យ​កម្លាំង នគរបាល​របស់​យើង ត្រូវ​មក​គោរព​ទង់ជាតិ​ឲ្យ​បាន​ជាងនេះទៀត ពិសេស​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ តាម​ឯកសណ្ឋាន​របស់​នគរ​បាល ។

​ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ៍​ឯក​ស្នងការ បាន​ណែនាំ​ឲ្យ​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​ គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​ទេសចរណ៍​ត្រូវ​កាត់​មុនគេ ។ ម្យ៉ាងទៀត លោក​ក៏​បញ្ជាក់​ជាថ្មី​ទៀតថា កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវតែ​នាំគ្នា​ហាត់ប្រាណ​ជាប្រចាំ នៅពេល​ល្ងាច ដើម្បី​សុខភាព​ផង និង​ដើម្បី​ឲ្យ​រាងកាយ​មាំមួន​ផង ​៕

មតិយោបល់