ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស០២នាក់របួសធ្ងន់ស្រាល នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើដងជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តពីរគ្រឿង ខណ:កំពុងបើកបរបានបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០២នាក់ និងរងការខូចខាតរថយន្តទាំង សងខាងយ៉ាងធ្ងន់ធ្ងរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ ២B-៩៨៧១ ទិសដៅពីខេត្តព្រះសីហនុ-ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ នាក់ ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅខេត្តកំពត ។ លុះពេលបើកបរមកដល់ត្រង់ចំណុចខាងលើ បានប៉ះបុករថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២N-០០៤៩ ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ឃាង ផេង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរបើបររថយន្ត មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងរបួសមនុស្សចំនួន០២នាក់៖ ១.ឈ្មោះ នាក់ ចន្ថា អ្នកបើករថយន្ត HYUNDAI របួសធ្ងន់ ។ ២.ឈ្មោះ ឃាង ផេង អ្នកបើកបររថយន្ត SSANGYONG របួសស្រាល ។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិចឯកជនមួយកន្លែង ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ៕

មតិយោបល់