ព័ត៌មានជាតិ

ម្ដាយស្ដីប្រដៅតិចតួច កូនប្រុសខឹងក៏ស្រែកជេរ និងបោកសម្ភារៈក្នុងផ្ទះខូចខាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី ករណី​ធ្វើ​ឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀន បណ្ដាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន នៅចំណុចភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឃាង ជូ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត) ។
ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ជាង ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (មានផ្ទុកនូវសារធាតុញៀន) (ត្រូវជាកូនបង្កើត) ។

នៅថ្ងៃ ខែ ឆ្នាំ និង វេលាម៉ោងកើតហេតុ ជនសង្ស័យជាកូនបានក្រោកពីដេក បន្ទាប់ជនរងគ្រោះជាម្ដាយបាន ស្ដីប្រដៅទៅកាន់ជនសង្ស័យថា គិតតែពីដេក មិនគិតធ្វើការ រកស៊ីអីទេ ។ ក្រោយមកជនសង្ស័យបានខឹងក៏បានស្រែកជេរទៅកាន់ជនរងគ្រោះជាម្ដាយ ហើយបានបោកសម្ភារៈក្នុងផ្ទះ បណ្ដាលអោយមានការខូចខាតតែម្ដង ។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធីតែម្ដង ។

កន្លងមកជនសង្ស័យធ្លាប់ ត្រូវបានក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន ០៣លើកមកហើយ ក្នុង០១លើក០៩ខែ សរុបទាំងបីលើកមានរយៈពេល ២៧ខែ (២ឆ្នាំ ៣ខែ) ។

ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១លើក រយៈពេល ០២ខែ ពីបទៈហិង្សាដោយចេតនា ៕

មតិយោបល់