ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជ្រុលចង្កូតបុកខឿនសួនច្បារ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្ត កាមរីបាឡែន មួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកខឿនសួន រួចបន្តឡើងទៅលើសួនផ្លូវភ្លោះកល់ជាប់ បណ្ដាលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែកខឿនសួន រងការខូចខាត អស់ជាច្រើនកង់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២ និង៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវភ្លោះ ផ្លូវសហព័ន្ធរុស្ស៊ី មុខធនាគារអេប៊ីអី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែន មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AC-5773 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកខឿនសួន បណ្ដាលឲ្យខូចខាតជាច្រើនកង់ ឯរថយន្តបន្តឡើងលើសួនកល់ជាប់ទៅមុខលែងរួច ។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ និងហុយចេញពីរម៉ាស៊ីនសំណាងល្អមិនឆេះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

មតិយោបល់